Serey is utilizing Blockchain technology

ថៃអាម៉ាស់ពេលចាញ់ក្តីជាមួយខ្មែរជំនាន់សម្តេចតា


នៅក្នុងការចុះផ្សាយលើកមុន យើងបានបញ្ជាក់ថា ថៃមានការខឹងសម្បារ ថៃឈឺផ្សា ហើយថៃអាម៉ាស់នៅពេលថៃចាញ់ក្ដីខ្មែរ។ នៅក្នុងការចុះផ្សាយលើកនេះ យើងនឹងរៀបរាប់លម្អិតថាតើថៃឈឺផ្សា និងអាម៉ាស់បែបណាខ្លះពេលចាញ់ខ្មែរ? ជាការពិត ពាក្យសម្ដី និងអារម្មណ៍ឈឺផ្សា និងអាម៉ាស់របស់ថៃទាំងនេះ គឺជារឿងដែលយើងគួរកត់ចំណាំទុកណាស់ ព្រោះថា វាជាអារម្មណ៍ និងពាក្យសម្ដីដែលមេដឹកនាំថៃមានចំពោះខ្មែរ។ មេដឹកនាំថៃ គឺតំណាងអោយជាតិសាសន៍ថៃទាំងមូល ហើយវាមិនមែនគ្រាន់តែជាពាក្យសម្ដី ឬអារម្មណ៍ជនជាតិថៃជាប្រជាជនធម្មតាម្នាក់មានចំពោះខ្មែរនោះទេ។ ហើយការពិនិត្យពាក្យសម្ដីគ្រប់ម៉ាត់របស់មេដឹកនាំថៃទាំងនេះ នឹងនាំអោយយើងយល់អំពីគំនិតរបស់ជាតិសាសន៍ថៃមានចំពោះខ្មែរមកដល់ពេលបច្ចុប្បន្ននេះ។


ក្រោយពីបារាំងដកចេញពីខ្មែរនៅឆ្នាំ១៩៥៣ពេលខ្មែរបានឯករាជ្យ ដោយសារថៃគិតថាខ្មែរអស់ខ្នងបង្អែក ថៃក៏បានលើកទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារភ្លាមៗ និងដោតទង់ជាតិថៃនៅទីនោះ។ ក្រោយពីចរចាគ្នាមិនបានផល ខ្មែរក៏ប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice, ICJ) ជាផ្លូវការនៅឆ្នាំ១៩៥៩។ នៅខាងខ្មែរ មានបាតុកម្មប្រឆាំងថៃ ហើយតាមទំព័រកាសែតក៏ប្រឆាំងនឹងថៃដែរ។ ចំណែកឯខាងថៃវិញ អារម្មណ៍ប្រឆាំងខ្មែរក៏មិនខុសគ្នាដែរ។ និស្សិតថៃតាមសាកលវិទ្យាល័យ និងកាសែតថៃប្រឆាំងនឹងខ្មែរ រួចនាំគ្នាប្រមូលលុយគ្នាបង្កើតមូលនិធិដើម្បីអោយរដ្ឋថៃដំណើរការរឿងក្ដីជាមួយខ្មែរនៅតុលាការអន្តរជាតិ ហើយចុងក្រោយ រដ្ឋាភិបាលថៃក៏បង្កើតមូលនិធិនេះជាផ្លូវការដើម្បីទទួលការបរិច្ចាគពីប្រជាជនថៃ។ តាំងពីសម័យនោះមកម្ល៉េះ ថៃយល់ថា ការបិទព្រំដែន និងការផ្ដាច់ចំណងការទូតនឹងធ្វើអោយខ្មែរឈឺផ្សា ហើយខ្មែរនឹងចុះញ៉មថៃ។ រីឯនៅតុលាការយុត្តិធម៌អន្តរជាតិវិញ ថៃជឿជាក់ខ្លាំងណាស់ថា ខ្លួននឹងឈ្នះក្ដីខ្មែរ។ ម្យ៉ាង ថៃគិតថា ខ្លួនជាសម្ព័ន្ធមិត្តរបស់អាមេរិកហើយអាមេរិកនឹងជួយខ្លួនអោយឈ្នះក្ដី ខណៈប្រទេសកម្ពុជាបានប្រកាន់ជំហរនយោបាយការបរទេសអព្យាក្រិត។ នៅពេលនោះ សង្គមថៃជារួម គឺពោរពេញទៅដោយអារម្មណ៍ប្រឆាំងខ្មែរ ហើយពួកគេសង្ឃឹមយ៉ាងមុតមាំថាពួកគេនឹងឈ្នះក្ដីខ្មែរ។

តែជាអកុសលសម្រាប់ថៃ មកដល់ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏បានកាត់ក្ដីអោយខ្មែរឈ្នះថៃ ដោយប្រគល់ប្រាសាទព្រះវិហារមកអោយខ្មែរ។ នៅពេលនោះ ថៃស្រឡាំងកាំងទទួលយកការពិតមិនបាន (disbelief) ហើយថៃចង់ច្បាំងប្រឆាំងនឹងសាលដីការបស់តុលាការអន្តរជាតិមួយនេះដើម្បីបន្តកាន់កាប់ប្រាសាទព្រះវិហារ។ នៅពេលនោះ លោកថាណម គិតិខាចន (ถนอม กิตติขจร / Thanom Kittikachorn) ជារដ្ឋមន្ត្រីការពារជាតិថៃបាននិយាយថា ថៃអត់បានទទួលនូវការកាត់ក្ដីមួយដ៏យុត្តិធម៌ទេ ព្រោះចៅក្រមមកពីប្រទេសកុម្មុយនីស ចំណែកឯលោកប្រាផាត ចារុសាធៀន (ประภาส จารุเสถียร / Praphas Charusathien) ជារដ្ឋមន្ត្រីមហាផ្ទៃថៃវិញបានផ្ដល់បទសម្ភាសអោយកាសែតដោយនិយាយថា «ថៃនឹងច្បាំងរហូតដល់ស្លាប់ (Thailand Will Fight to Death)» ហើយលោកថាលោកនឹងបា•ញ់សម្លា•ប់ប្រជាជនខ្មែរណាដែលហ៊ានចូលប្រាសាទព្រះវិហារ។ រីឯនិស្សិតថៃវិញក៏ផ្ទុះអារម្មណ៍ខឹងសម្បារក្នុងន័យនេះដែរ។ ពួកគេបានធ្វើបាតុកម្មដែលធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ថៃ ហើយពួកគេសរសេរលិខិតទៅកាសែតដោយអំពាវនាវអោយរដ្ឋាភិបាលថៃប្រឆាំងនឹងសាលដីកាតុលាការអន្តរជាតិ និងថាពួកគេស៊ូស្លាប់លះបង់ជីវិតដើម្បីច្បាំងរក្សាប្រាសាទព្រះវិហារ។ បន្ទាប់មក និស្សិតថៃប្រហែល ៥ម៉ឺននាក់បានដង្ហែក្បួនទៅកាន់រដ្ឋសភាថៃដើម្បីជម្រុញអោយរដ្ឋាភិបាលថៃប្រឆាំងនឹងសាលដីកាតុលាការអន្តរជាតិ។

តែក្នុងបរិយាកាសបែបនោះ ក៏មានដែរអ្នកដែលចង់អោយរដ្ឋាភិបាលថៃទទួលយកសាលដីកា។ អ្នកជំនួញថៃចង់អោយរដ្ឋាភិបាលថៃទទួលយកសាលដីកាតុលាការអន្តរជាតិ ព្រោះថាបើថៃប្រឆាំងសាលដីកានេះនឹងនាំអោយប៉ះពាល់ដល់ជំនួញរបស់ថៃ និងកេរ្តិ៍ឈ្មោះរបស់ថៃលើឆាកអន្តរជាតិ។ ចំណែកឯស្ដេចថៃព្រះចៅភូមិបុលអាឌុលយ៉ាដេត (ภูมิพลอดุลยเดช / Bhumibol Adulyadej) វិញ ទ្រង់ព្រួយបារម្ភចំពោះជម្លោះនេះ ហើយទ្រង់ប្រាប់អោយរដ្ឋាភិបាលថៃប្រុងប្រយ័ត្ន (caution)។ មកដល់ខែកក្កដា ឆ្នាំ១៩៦២ លោកសារិត ថាណារ៉ាត់ (สฤษดิ์ ธนะรัชต์ / Sarit Thanarat) ជានាយករដ្ឋមន្ត្រីថៃ ធ្វើអោយគេឯងភ្ញាក់ផ្អើលដោយលោកប្រកាសថារដ្ឋាភិបាលថៃព្រមទទួលយកសាលដីកាតុលាការអន្តរជាតិ។ ពេលនោះ លោកសារិតបាននិយាយថា៖ «បច្ចុប្បន្ននេះ យើងរស់នៅក្នុងសង្គមពិភពលោក។ បងប្អូនថៃប្រាកដជាបានដឹងច្បាស់ហើយអំពីការទទួលស្គាល់ និងកិត្តិយសដែលជាតិសាសន៍ថៃទទួលបានលើឆាកអន្តរជាតិ។ បើសិនយើងបាត់បង់កិត្តិយស និងកិត្តិសព្ទដោយសារតែប្រាសាទព្រះវិហារ តើអស់ប៉ុន្មានទសវត្សរ៍ ឬសតវត្សរ៍ទៀតទើប[ថៃ]អាចស្ដារកិត្តិសព្ទដែលបាត់បង់នេះបានមកវិញ? (We are now living in a world society. Thai brethren must have been well aware of the recognition and esteem the Thai nation enjoys in the international society. Were we to lose our dignity and prestige on account of the ruins of Phra Viharn, how many more decades or centuries will be needed to restore the lost prestige?)»។

ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីសារិតបាននិយាយក្នុងទម្រង់ថា រឿងប្រាសាទព្រះវិហារមិនទាន់ចប់ទេ ហើយថៃនឹងវិលមកយកប្រាសាទនេះម្ដងទៀត ដែលគេអាចនឹងឃើញជាក់ស្ដែងពេលរឿងប្រាសាទព្រះវិហារផ្ទុះកក្រើកឡើងវិញនៅឆ្នាំ២០០៨។ កាលនោះ លោកសារិតនិយាយថា៖ «ខ្ញុំដឹងច្បាស់ណាស់ថា ការបាត់បង់ប្រាសាទព្រះវិហារ គឺជាការបាត់បង់ដែលធ្វើអោយមានស្នាមរបួសដល់ជាតិសាសន៍ថៃទាំងមូល។ ដូច្នេះ ទោះបីជាខ្មែរអាចបានប្រាសាទព្រះវិហារ គឺមានតែតួប្រាសាទ និងចំណិតដីក្រោមប្រាសាទប៉ុណ្ណោះដែលពួកគេទទួលបាន។ [តែ]ព្រលឹងរបស់ប្រាសាទព្រះវិហារនឹងស្ថិតនៅជាមួយថៃរៀងរហូត។ ប្រជាជនថៃនឹងនៅតែចងចាំជានិច្ចថា ប្រាសាទព្រះវិហារត្រូវបានគេប្ល•ន់ពីយើងដោយប្រើល្បិចរបស់មនុស្សដែលមិនខ្វល់ពីកិត្តិយស និងយុត្តិធម៌។ ដោយសារតែថៃរស់នៅក្នុងសង្គមពិភពលោកក្នុងឋានៈជាសមាជិកដែលមានកិត្តិយស និងសីលធម៌ខ្ពស់បំផុតនោះ មិនយូរមិនឆាប់ទេ ប្រាសាទព្រះវិហារនឹងវិលមកជារបស់ថៃវិញម្ដងទៀត។ ព្រឹត្តិការណ៍ប្រាសាទព���រះវិហារនឹងនៅតែដក់ជាប់ក្នុងការចងចាំរបស់ប្រជាជនថៃរាប់ជំនាន់តទៅមុខទៀត ហើយបន្សល់ទុកនូវស្នាមដែលមិនអាចលុបជ្រះពីក្នុងប្រវត្តិសាស្ត្រ[ថៃ]ហាក់ដូចជារបួសនៅក្នុងបេះដូងរបស់[ជនជាតិថៃ]គ្រប់រូបទូទាំងប្រទេសដែរ (I know full well that the loss of Phra Viharn is a loss which aflicts the entire Thai nation. Therefore, even though Cambodia may have Phra Viharn, only the ruins and the piece of land on which the Temple is situated will be theirs. The soul of the Temple of Phra Viharn remains forever with Thailand. The Thai people will always remember that the Temple of Phra Viharn was robbed from us by the trickery of those who disregard honor and justice. As Thailand behaves in the world society as a member imbued with the highest sense of honor and morality, sooner or later the Temple of Phra Viharn shall revert once again to Thailand.... The incident of Phra Viharn will remain in the memory of the Thai people for generations to come and will leave an indelible mark on the nation's history as if it was a wound in the heart of each and everyone in the entire nation)»។

នៅពេលនោះ ថៃមិនមែនខឹងសម្បារជាមួយតែនឹងខ្មែរនោះទេ តែកំហឹងរបស់ថៃក៏រាលដាលដល់ប្រទេសប៉ូឡូញ និងអាមេរិកផងដែរ។ ចំពោះខ្មែរ កំហឹងរបស់ថៃបានធ្វើអោយសម្ដេចសីហនុបានក្លាយជាសត្រូវរបស់ជនជាតិថៃ ព្រោះថៃយល់ថាសម្ដេចសីហនុ គឺជាមេបង្កបញ្ហា។ (កាលនោះ ថៃយល់ថា ប្រជាជនខ្មែរមិនបានឈ្លោះជាមួយថៃទេ តែសម្ដេចសីហនុ និងគ្នីគ្នាប៉ុណ្ណោះដែលបង្កបញ្ហា)។ ចំណែកឯអាមេរិកវិញ ក៏ថៃខឹងដែរ ព្រោះតែលោក ឌីន អាឈីសិន (Dean Acheson) អតីតរដ្ឋមន្ត្រីការបរទេសរបស់អាមេរិក គឺជាមេធាវីការពារក្ដីអោយខ្មែរ។ ថៃយល់ថា អាមេរិកបានក្ប•ត់ខ្លួនដែលជាសម្ព័ន្ធមិត្ត។ រីឯប្រទេសប៉ូឡូញវិញក៏រងគ្រោះដោយសារកំហឹងរបស់ថៃដែរ។ ថៃខឹងប្រទេសប៉ូឡូញព្រោះតែលោក បូដាន់ វីនីអាស់ស្គី (Bohdan Winiarski) ប្រធានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាជនជាតិប៉ូឡូញ។ នៅពេលនោះ ថៃបានបញ្ឈប់ការផ្ដល់វីសាអោយជនជាតិប៉ូឡូញចូលស្រុកថៃ ហាមឃាត់ការនាំចូលទំនិញពីប្រទេសប៉ូឡូញ និងបណ្ដេញប្រតិភូពាណិជ្ជកម្មរបស់ប៉ូឡូញចេញពីប្រទេសថៃផងដែរ។

តែទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦២ មេទ័ពថៃបានមកជួបជុំគ្នាដើម្បីផ្ទេរអធិបតេយ្យភាពប្រាសាទព្រះវិហារមកអោយខ្មែរ។ នៅពេលនោះ ក្រុមអ្នកកាន់ទង់មិនមែនត្រឹមតែទម្លាក់ទង់ជាតិថៃចុះមកនោះទេ តែពួកគេថែមទាំងបានគាស់យកទាំងដងទង់ជាតិថៃយកទៅតែម្ដង ហើយយកដងទង់ជាតិនេះទៅដាក់នៅទីតាំងមួយក្នុងខេត្តស៊ីសាកេត (ศรีสะเกษ / Sisaket) ដើម្បីធ្វើជាសារមន្ទីរអោយកូនចៅថៃចងចាំ។ នៅក្នុងឱកាសនោះ កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍ថា កម្មវិធីប្រព្រឹត្តិទៅក្នុងបរិយាកាសមេឃងងឹត និងធ្លាក់ភ្លៀង ដែលវាហាក់បញ្ជាក់អំពីអារម្មណ៍ជូរចត់របស់ជាតិសាសន៍ថៃនៅពេលនោះដែរ។

Sources:

-Shane Strate (2015): “The Lost Territories: Thailand's History of National Humiliation”

-Sang Kook Lee (2014): “Siam mismapped: Revisiting the territorial dispute over the Preah Vihear temple”

-Ronald Bruce St John (1998): “The Land Boundaries of Indochina: Cambodia, Laos and Vietnam”

3392.956 SRY$0.00
Chantha Kheng

Comments